សម្តេចតេជោ និងសម្តេចធិបតី តែងតែបញ្ជាក់ចង់បានព្រំដែនសន្តិភាព
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបញ្ជាក់ជារឿយៗថា កម្ពុជាចង់បានព្រំដែនសន្តិភាព និងមិត្តជាមួយប្រទេសជិតខាង ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃអំពីបទឈប់បាញ់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ មានចែងអំពីភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
លោកបញ្ជាក់ថា “ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិជ្រាបថា ថ្នាក់ដឹកនាំរបស់យើង ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងមានប្រសាសន៍បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍” ។
អ្នកនាំពាក្យបន្ថែមថា ពាក្យពេចន៍ទាំងនេះបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជា តែងលឺរងំក្នុងត្រចៀក និងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កន្លងទៅ មិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ៕
