កម្ពុជា ស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង ។
ការស្នើរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាឱកាសអនុញ្ញាតជូន លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពី លោក បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី រំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះ ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។
លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារជាច្រើន ដែលសម្រេចបាននៅក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំជាដើម ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនងទំនងរវាងប្រជាជន និងប្រជាជនគឺជាកក្តាសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕
