ក្រុមការងារចំពោះកិច្ច ចាប់ផ្តើមប្រជុំ វាយតម្លៃការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ក្រោយជម្លោះកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ច រៀបចំ និង គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ ដើម្បីវាយតម្លៃស្ថានភាព ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាព ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារ ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានលោក ចន ណារិទ្ធ ជាប្រធាន និងមានលោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាន ព្រមទាំងអភិបាលខេត្តទាំង៧ ជាប់ព្រំដែនកម្ពុជា-ថៃជាសមាជិកផងដែរ ៕




