សាស្ត្រាចារ្យ ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាល បន្តការកែលម្អគុណភាពសេវា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦។

ក្នុងឱកាសដឹកនាំវគ្គភាព អ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តី សុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣២១២រូប លោកសាស្ត្រាចារ្យ ឈាង រ៉ាបានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់មន្រ្តី និងបុគ្គលិកសុខាភិបាល និងបានជំរុញឱ្យទាំងអស់គ្នា បន្តបំពេញការងារដោយផ្តោត លើការកាត់បន្ថយភាពមិនប្រក្រតី នៅក្នុងការបម្រើសេវា ឱ្យនៅសល់តិចតួចបំផុត។

សាស្រ្តារ្យរដ្ឋមន្រ្តី បានណែនាំពីយន្តការ នៃការបម្រើសេវាថែទាំ ដែលមានលក្ខណៈទំនាក់ទំនងគ្នា រួមទាំងការបញ្ជូនអ្នកជំងឺ ចាប់តាំងពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែកកំរិត១ និងកំរិត២ រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ តាមរយៈការតាមដានជំងឺ ឱ្យបានជាប់លាប់រហូតដល់អ្នកជំងឺ បានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

លោកសាស្ត្រាចារ្យ បានធ្វើបទបឋកថា លើប្រធានបទ ការរៀបចំរបាយការណ៍បង្ហាញ ពីសមិទ្ធផលរបស់អង្គភាពមួយ ដែលរបាយការណ៍នោះ ត្រូវរំលេចចំណុចមួយចំនួន រួមមាន ៖ ទិដ្ឋភាពទូទៅនៃការផ្លាស់ប្តូរ ដោយបង្ហាញពីតថភាព នៃសមិទ្ធផល និងបង្ហាញភស្តុតាងនៃសមិទ្ធផលជាទិន្នន័យ នៃការប្រើប្រាស់សេវា តម្លៃសេវា សូចនាករគុណភាព និងការប្រៀបធៀបជាមួយនឹងអង្គភាព និងស្ថាប័នផ្សេងៗ ។

ជាចុងក្រោយលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានមតិបន្ថែម ក្នុងគោលបំណងជំរុញ ឱ្យអង្គភាពបម្រើសេវាសុខាភិបាលទាំងអស់ ឈានឱ្យលើស ពីការបម្រើសេវា គារវកិច្ច និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅបង្កើត ឱ្យបាននូវការបម្រើសេវា ដោយក្តីករុណា ដែលការបម្រើសេវាបែបនេះ កើតចេញពីសេចក្តីមេត្តា របស់បុគ្គលិកសុខាភិបាល ដែលជាការទទួល សាកសួរ ស្តាប់ ពិនិត្យអ្នកជំងឺ ដើម្បីស្វែងរកប្រភពនៃការឈឺចាប់ រួមផ្សំជាមួយនឹងសកម្មភាព ព្យាបាលបែបវេជ្ជសាស្រ្ត ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ៕






