ព័ត៌មានជាតិ

កម្ពុជា ពុំបានធ្វើទុក្ខបុកម្នេញ ជនជាតិថៃ ពេលឆ្លងកាត់អាកាសយានដ្ឋាន អន្តរជាតិតេជោទេ

ភ្នំពេញ ៖ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា ពុំមានការធ្វើទុក្ខបុកម្នេញ រើសអើង ចំពោះជនជាតិថៃ ដែលចេញ-ចូលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិតេជោកម្ពុជាទេ គ្រាន់តែអនុវត្តវិធានការមួយចំនួន ចំពោះជនជាតិថៃទាំងឡាយណា ដែលគ្មានប្រវត្តិចេញ-ចូលកម្ពុជា ញឹកញាប់ប៉ុណ្ណោះ ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ ឆ្លើយតបនឹងការចោទប្រកាន់ របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរ ។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិ ធ្វើដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ ។ លោកថា ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជាហើយ មិនមានប្រវត្តិចូលមកកម្ពុជា គឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ ។

រដ្ឋលេខាធិការបន្ថែមថា ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។
សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន ។ ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យ របស់អាជ្ញាធរថៃនេះ ក្រសួងណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេស ឱ្យចៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបកអាក្រាតទង្វើអាក្រក់របស់ថៃ ដែលបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដំណើរមកពីអឺរ៉ុប ឆ្លងកាត់ព្រលានយន្តហោះរបស់ថៃ ចូលកម្ពុជាផងដែរ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានឱ្យដឹងថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋាន ទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុ ឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារ កក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យ ដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ៕

To Top