ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។

ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ ដែលជាការបង្ករឱកាសងាយស្រួលសម្រាប់អ្នកវិនិយោគិនបរទេសទាំងអស់ដោយស្មើភាព និងតម្លាភាព។

លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវការប្រើប្រាស់ Checklist សាកល្បង តាមប្រព័ន្ធអនឡាញដែលមាននៅលើវេបសាយរបស់ក្រសួងបរិស្ថាន ដើម្បីជួយការពារដល់វិនិយោគិនបរទេសទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន បានអំពាវនាវ និងស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ប្រើប្រាស់ Checklist តាមប្រព័ន្ធអនឡាញរបស់ក្រសួងបរិស្ថានដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ តម្លាភាពការងារ ប្រកបដោយគណនេយ្យភាព។

ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី និងកោតសរសើរក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេសទាំងអស់រួមទាំងអ្នកវិនិយោគជប៉ុនផងដែរ។

លោក ឯកអគ្គរដ្ឋទូតជប៉ុនមានជំនឿថា ការបង្កឱកាសដ៏ល្អនេះនឹងជួយឱ្យកម្ពុជាទទួលបានអ្នកវិនិយោគិនបរទេសច្រើន។ ជាពិសេសការគោរពច្បាប់វិនិយោគនៅកម្ពុជា គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដោយតម្លាភាព និងគណនេយ្យភាពសង្គម៕

To Top