ជំនួយមនុស្សធម៌ផ្នែកទី២ របស់ចិន បានមកដល់កម្ពុជា នឹងត្រូវប្រើប្រាស់ដល់ជនភៀសសឹក
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ជំនួយមនុស្សធម៌ផ្នែកទី២ របស់រដ្ឋាភិបាលចិន មកដល់ប្រទេសកម្ពុជា ហើយនឹងត្រូវបានប្រើប្រាស់ជាពិសេសដល់ជនភៀសសឹក នៅតាមតំបន់ព្រំដែន ដើម្បីជួយកាត់បន្ថយភាពលំបាករបស់ពួកគាត់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «នៅថ្ងៃទី ៨ ខែមករា ជំនួយមនុស្សធម៌ផ្នែកទី២របស់រដ្ឋាភិបាលចិនមកកាន់ប្រទេសកម្ពុជាបានមកដល់រាជធានីភ្នំពេញដោយរលូន។ ជំនួយនាលើកនេះ នឹងត្រូវបានប្រើប្រាស់ជាពិសេសដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ជួយកាត់បន្ថយភាពលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់ដែលកំពុងរងផលប៉ះពាល់»។
សូមរំលឹកថា ជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ ប្រទេសកម្ពុជាជាមិត្តដែកថែបនៃប្រទេសភាគីចិន នឹងគាំទ្រកម្ពុជារក្សាស្ថិរភាព និងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបប្រមាណ ៤សែន ៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់។ មានពលរដ្ឋភៀសសឹកចំនួន ១៧៨.៨៩៤នាក់ បន្តស្នាក់នៅជំរំ៕
