ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សច្ចសីលោ ព្រះអនុគណស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក សាមគ្គីមានជ័យ និងស្រុកទឹកផុស បានដឹកនាំគណៈប្រតិភូ ដែលជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទឹកផុស អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សច្ចសីលោ ព្រះសង្ឃកិច្ចកោសល ព្រះអនុគណស្រុកទឹកផុស ដែលបានសុគតនៅថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨:១៥នាទីព្រឹក ក្នុងព្រះជន្មាយុ ៩៥វស្សា ដោយជរាពាធ ស្ថិតនៅក្នុងទីអារាម សុវណ្ណេសនារាម ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខក្រៀមក្រំ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានសម្ដែងនូវសមានទុក្ខ និងបានចូលរួមរំលែក នូវមរណទុក្ខដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុត ចំពោះការបាត់បង់ នូវព្រះមន្ត្រីសង្ឃស្រុក ដែលជាការបាត់បង់នូវឥស្សសមណសង្ឃ ពហុស្សូត និងជាសមណសត្យបុត្តដ៏ឆ្នើមមួយព្រះអង្គ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃវប្បធម៌ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ  បានឧទ្ទិសមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សូមបាននិមន្ត ទៅកាន់សុគតិភព និងទីបំផុតនៃជាតិ សូមបាននិមន្ត ទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ៕

To Top