ព័ត៌មានជាតិ

កម្ពុជា បន្តរក្សាភាពធន់ និងភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ សម្រាប់វិស័យទេសចរណ៍

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានធ្វើការគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់ នៅក្នុងបរិបទតំបន់ និងសកលលោក ដែលមានភាពប្រែប្រួល យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

សូមបញ្ជាក់ជូនថា នេះ​ក៏ជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង (៣) កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំខាងលើនេះ ត្រូវបានអង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ​ ដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំ​ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រ ទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារ ទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។

ក្នុងនោះ លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលទីផ្សារ ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាព ដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័ស ជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺ ជាកាលៈទេសៈដ៏លំបាក ដែលទាមទារ ឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយ ក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និងពង្រឹងភាពម្ចាស់ការបន្ថែមទៀត។

ក្នុងន័យនេះ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និង សកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង បន្តរក្សាឱ្យបាន នូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង ម៉្យាងទៀត បន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួត ប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែន ឱ្យទាន់សភាពការណ៍ និង មានភាព ប្រយ័ត្នប្រយែងខ្ពស់៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top