ព័ត៌មានជាតិ

សម្តេចតេជោ មានទំនុកថា ចំណងមិត្តភាព ប្រពៃណី កម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មានជំនឿទុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា និងឡាវ នឹងកាន់តែរឹងមាំ ជាមួយគ្នាបន្ថែមទៀត ទៅថ្ងៃអនាគត ។

យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើអបអរសាទរ លោកបណ្ឌិត Thongloun Sisoulith ជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ នៅថ្ងៃទី៨ មករា បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសលោកសាជាថ្មី ឱ្យកាន់តំណែងកំពូលនេះ គឺជាសក្ខីភាពបញ្ជាក់ ច្បាស់ពីទំនុកចិត្ត ដ៏មុតមាំរបស់គណបក្ស ប្រជាជនបដិវត្តន៍ឡាវ និងប្រជាជនមកលើសមត្ថភាព និងមគ្គទេសក៍ ដ៏ឈ្លាសវៃរបស់លោក ក្នុងការដឹកនាំការអភិវឌ្ឍជាតិ ដើម្បីឱ្យប្រជាជនឡាវ អាចមានជីវភាពរស់នៅ ដោយរីករាយក្នុងសន្តិភាពជានិរន្តរ៍ ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។

លិខិតបញ្ជាក់ថា សម្តេចតេជោមានទំនុកចិត្តចំពោះចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនទាំងពីរ នឹងកាន់តែរឹងមាំឡើងនាពេលអនាគត ដ៏យូរអង្វែង ស្របតាមស្មារតី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពគង់វង្សយូរអង្វែង ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយត្រឹមត្រូវ ចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់លោក គណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនឡាវ ហើយទទួលបានជោគជ័យកាន់តែធំក្នុងការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចចិត្ត ដែលបានអនុម័តដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ ៕

To Top