ព័ត៌មានជាតិ

ព្រឹកនេះកម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ា ដោយផ្ទាល់និងបានបញ្ចប់បញ្ហា សព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកថ្លែងថា៖«ក្រោមការសម្របសម្រួលបន្ថែមទៀត ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងលឿនរហ័ស ក្រោមការ យកចិត្តទុកដាក់ខ្ពស់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ការទាមទារ របស់បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយបញ្ចប់ ហើយពួកគាត់បានចូល បម្រើការងារជាធម្មតាវិញហើយ»។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីបងប្អូនកម្មករនិយោជិត នៅរោងចក្រខាងលើ បានធ្វើកូដកម្មទាមទារ ឱ្យរោងចក្រអនុវត្ត នូវលក្ខខណ្ឌការងារចំនួន១២ចំណុច។

អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានា របស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះ ស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕

To Top