ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ សំឡេងប្រជាជាតិខ្មែរ និងការងារការទូត របស់រាជរដ្ឋាភិបាល ធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេង របស់ប្រជាជាតិខ្មែរ និងការងារការទូត ដ៏សកម្មក្លៀវក្លា ប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នា ថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស បានលាន់លឺពាសពេញពិភពលោក ។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូត ដ៏សកម្មក្លៀវក្លា ប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏រម្លឹកជូនជនរួមជាតិថា ប្រទេសជាតិ និងប្រជាជន បានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និង ខ្ទេចខ្ទាំបំផុតរួចមកហើយ កាលពីក្នុងសម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុង របបប្រល័យពូជសាសន៍ប៉ុលពត ។ ថ្នាក់ដឹកនាំរាមច្បងក៏បានបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ប្រកបដោយក្តីសង្ឃឹម សម្រាប់យើងទាំងអស់គ្នា រួចរាល់ហើយដែរ៕

To Top