ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ជំហរច្បាស់លាស់ របស់រាជរដ្ឋាភិបាល ស្របទាំងស្រុងជាមួយអន្តរជាតិ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របទាំងស្រុងទៅនឹងជំហរ របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ មករា លោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។

លោកសង្កត់ធ្ងន់ថា “ជំហរច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត របស់រាជរដ្ឋាភិបាល ស្របទាំងស្រុងជាមួយជំហរ របស់សហគមន៍អន្តរជាតិ ខណៈដែលភាគីថៃក៏បានឯកភាពដោះស្រាយបញ្ហាព្រំដែន ដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងអនុលោមតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥” ។

អ្នកនាំពាក្យបញ្ជាក់ថា នេះ គឺជាក្តីសង្ឃឹម ក្នុងដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ជាមួយប្រទេសថៃដោយរក្សា បានទាំងស្រុងនូវដែន អធិបតេយ្យភាពស្របច្បាប់ របស់កម្ពុជា ។ ដូច្នេះ នេះគឺជាកាលៈទេសៈដ៏សំខាន់បំផុតមួយ ដែលខ្មែរត្រូវប្រើកម្លាំង មហាសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួន ដោយផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ ៕

To Top