ព័ត៌មានជាតិ

កម្ពុជា ឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានផលិត-នាំចេញចម្រុះ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា ឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានផលិត-នាំចេញចម្រុះ (អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម)។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ ប៉ុន្តែកម្ពុជាមានគោលជំហរច្បាស់លាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ (អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម) ជាមួយនឹងការបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ បង្កើតការងារបានជាង ៤៣ម៉ឺនកន្លែង»។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៩ចំនុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រួមមានដោយសង្ខេបដូចជា៖ (១)ពង្រីកទីផ្សារនាំចេញដោយបន្តអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», (២)ឌីជីថលូបនីយកម្មសេវាសាធារណៈ, (៣)ពង្រឹងអភិបាលកិច្ច និងកិច្ចការពារអ្នកប្រើប្រាស់,(៤)លើកកម្ពស់ផលិតផលក្នុងស្រុក, (៥)ទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រនានា, (៦)ត្រៀមខ្លួនរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC), (៧)គាំទ្រសមត្ថភាពសហគ្រាសនាំចេញ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs),(៨)អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងគ្រប់គ្រងសុវត្ថិភាពការលក់អនឡាញ, និង (៩)កាត់បន្ថយរបាំងពាណិជ្ជកម្ម និងចូលរួមឱ្យបានស្និទ្ធស្នាល ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន៕

To Top