ព័ត៌មានជាតិ

សង្គមស៊ីវិលកម្ពុជា-ចិន គាំទ្រ CMAC លើការងារបោសសម្អាតមីន និងលើកទឹកចិត្តលើការប្រើប្រាស់ថាមពលបៃតង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) 
មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នាផ្តល់ជំនួយសម្ភារៈឧបករណ៍ផ្ទុកចរន្តអគ្គិសនី ដែលអាចសាកចរន្តអគ្គិសនីបានទាំងតាមប្រព័ន្ធអគ្គិសនី និងតាមរយៈបន្ទះសូឡា ជូនដល់ក្រុមការងារបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលទាំងពីរដែលជានិច្ចកាលបានចូលរួមចំណែកជាមួយ CMAC នៅក្នុងការងារបោសសម្អាតមីន និងការងារមនុស្សធម៌នានា។

លោកបានបន្ថែមថា ជំនួយសម្ភារៈនេះមានគោលបំណងរួមចំណែកដល់ការគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាបេសកកម្មមនុស្សធម៌ដ៏សំខាន់របស់ CMAC ក្នុងការសង្គ្រោះជីវិត និងធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ហើយឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលអាចសាកបានតាមបន្ទះសូឡានឹងជួយដល់ក្រុមការងាររបស់ CMAC នៅតំបន់ដាច់ស្រយាល ឬតំបន់ដែលខ្លួនប្រតិបត្តិការដែលមិនអាចភ្ជាប់ប្រភពអគ្គិសនីបាន ដោយឧបករណ៍នេះនឹងជួយរួមចំណែកដល់ការដោះស្រាយលក្ខខណ្ឌការងារដែលតម្រូវការចរន្តអគ្គិសនី។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសម្ដែងនូវក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ CMAC ដែលបានផ្តល់ឱកាសដល់សមាគមរួមជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដែលក្នុងនោះរួមមានមូលនិធិចិន PEACELAND និងមូលនិធិចិន SANY ក្នុងការរួមចំណែកផ្តល់ការគាំទ្រដល់កម្ពុជាក្នុងវិស័យមនុស្សធម៌ ជាពិសេសការងារបោសសម្អាតមីន និងជួយដល់ជនរងគ្រោះពីសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកបណ្ឌិតបានបន្ថែមទៀតថា ជំនួយនាថ្ងៃនេះមិនត្រឹមតែចូលរួមចំណែកជួយបំពេញបាននូវតម្រូវការបច្ចេកទេស ដោយប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់ការបំពេញការងារ ប្រកបដោយគុណតម្លៃមហាសាលរបស់មន្ត្រីCMAC និងក្រុមការងារពាក់ព័ន្ធនានា ដែលបាននិងកំពុងចូលរួមបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា លើវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ។

លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិន PEACELAND ប្រចាំកម្ពុជាបានថ្លែងថា អំណោយនាថ្ងៃនេះ ជាការរួមចំណែកដល់ផ្នែកតូចមួយនៃការគាំទ្រថាមពលបៃតង ដោយឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលប្រើប្រាស់ថាមពលព្រះអាទិត្យ ត្រូវបានចាត់ទុកថាជាដំណោះស្រាយបច្ចេកវិទ្យាសមស្រប ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ជំនួយនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់មូលនិធិចិន PEACELAND ចំពោះការរួមបញ្ចូលបច្ចេកវិទ្យាបៃតង នៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជាតាមរយៈកិច្ចគាំទ្រនិងផ្តល់ឱកាសពី CMAC ។

លោកបានបន្ថែមថា ភាគីមូលនិធិចិន PEACELAND រួមជាមួយមូលនិធិចិន SANY ដោយមានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាស្ពាន បាននិងកំពុងចូលរួមយ៉ាងសកម្មបន្ថែមទៀតដល់បេសកកម្មការងាររបស់CMAC។

លោកក៏បានបញ្ជាក់ថា អំណោយនាថ្ងៃនេះគឺជាការបន្តនិរន្តភាពនៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជនចិននិងប្រជាជនកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិចិន និងបណ្តាសង្គមស៊ីវិលចិនក្នុងការបន្តគាំទ្រកិច្ចការមនុស្សធម៌ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

To Top