ព័ត៌មានជាតិ

ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៦ ៣០៥កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៧០៣កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៧កន្លែង និងខេត្តស្វាយរៀងមានចំនួន ៦ ០៩២កន្លែង។

ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

To Top