ព័ត៌មានជាតិ

អនុប្រធានទី១ ព្រឹទ្ធសភា និងអភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព គ្រួសារភៀសសឹក និងសិស្សភៀសសឹក នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ បានអញ្ជើញសំណេះសំណាលនិងចែកអំណោយជូនគ្រួសារកងទ័ព គ្រួសារភៀសសឹក ជាង ៣០០គ្រួសារ និងសិស្សានុសិស្សភៀសសឹក ជាង ២០០ នាក់ នៅមុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋយើង។

លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ឲ្យដឹងផងដែរថា មួយរយៈពេលដែលប្រទេសជាតិយើងមានសង្គ្រាមនេះ ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ក៏ដូចជាសម្ដេចធិបតី មានភារកិច្ចមមាញឹកខ្លាំងបណ្ដាលបានសម្រាន្តពេញម៉ោងទេ ពោលគឺ ថ្នាក់ដឹកនាំយើងប្រឹងប្រែងក្នុងការគិតគូរពិចារណា រិះរកមធ្យោបាយដើម្បីការពារសន្តិភាព ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដើម្បីយើងរៀបចំខ្លួនរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសយើង ឲ្យកាន់តែរីកចម្រើនថែមទៀត។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top