មន្ទីរបរិស្ថានបង្ហាញលទ្ធផលស្រាវជ្រាវ ករណីបទល្មើសព្រៃឈើចំណុចក្រុមសណ្តាយ
មណ្ឌលគិរី៖ លទ្ធផលស្រាវជ្រាវនៃបទល្មើសព្រៃឈើ នៅចំណុចក្រុមសណ្តាយ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺស្ថិតក្នុងទីតាំងនៃបរិវេនដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Mulhibanh Masteron ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រាយការជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី៨,៩ ខែមករា ឆ្នាំ២០២៦។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ពីសេចក្តីបំភ្លឺ និងពន្យល់បន្ថែមថា ចំពោះករណីដែលបានចុះផ្សាយ ត្រង់ចំណុចភូមិសណ្ដាយ ឃុំថ្មី ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៦ នាទីល្ងាច ពាក់ព័ន្ធបទល្មើសព្រៃឈើ ( ចេញពីចំណុចដែនជម្រកសត្វព្រៃកែវសីមា ) មន្ទីបរិស្ថានខេត្តមណ្ឌលគិរី សូមគោរពជម្រាបជូន លោក អ៊ាង សុផល្លែត Sophalleth រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជាទីគោរព។

ក្រោយពីទទួលបានព័ត៌មានពី លោកអគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អំពីករណីសង្ស័យមានការលួចធ្វើសន្និធិឈើ នៅយប់ថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចាត់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន ទទួលបន្ទុកតំបន់ការពារធម្មជាតិ ដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធ រួមមានមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ចុះទៅធ្វើការបង្ក្រាប ទប់ស្កាត់ អង្កេត និងស្រាវជ្រាវជាក់ស្តែងនៅទីតាំងដែលបានរាយការណ៍។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ ក្រុមការងារបានចុះដល់ទីតាំងសង្ស័យធ្វើសន្និធិឈើ នៅចំណុច ក្រុមសណ្តាយ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដោយសារទីតាំងមានចម្ងាយឆ្ងាយ ក្រុមការងារត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវចូលតាម ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ពេលទៅដល់ទីតាំង ពុំបានជួបម្ចាស់ផ្ទះ និងពុំបានឃើញគំនរឈើនៅនោះទេ ដោយតាមការសន្និដ្ឋាន គំនរឈើអាចត្រូវបានជនសង្ស័យ (សង្ស័យថាជាម្ចាស់ផ្ទះ) លួចដឹកជញ្ជូនចេញអស់នៅពេលយប់ជ្រៅ នៅសល់តែ តង់គ្របឈើ ប៉ុណ្ណោះ នេះបើយោងការរាយការណ៍ដោយអ្នកនាំពាក្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។


បញ្ជាក់*ទីតាំងខាងលើស្ថិតនៅក្នុង បរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Mulhipbanh Masteron ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ជាមួយគ្នានេះ ក្រុមការងារបានសង្កេតឃើញថា លំនៅដ្ឋានប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ មានការបង្កើត ឡដុតធ្យូងតាមលំនៅដ្ឋានប្រជាពលរដ្ឋ។



មន្ទីរនៅបញ្ជាក់ទៀតថាៈ
១. ប្រភពឈើដែលត្រូវបានកាត់យកមកដុតធ្វើធ្យូង អាចជាឈើដែលកាត់ចេញពីក្នុងដីសម្បទានក្រុមហ៊ុន ដោយប្រើប្រាស់ឧបករណ៍កាឡេថង។
២. ចំពោះឈើអាឃ្លុំ ដែលប្រជាពលរដ្ឋធ្វើសន្និធិទុកនៅមុខលំនៅដ្ឋាន ក្រុមការងារនឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ដើម្បីកំណត់ប្រភពឱ្យបានច្បាស់លាស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក មេត្តាជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
