ព័ត៌មានជាតិ

អនុប្រធានទី១ ព្រឹទ្ធសភា ៖ ការលំបាក និងការឈឺចាប់របស់ពលរដ្ឋភៀសសឹក ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងសាមគ្គីភាព

កំពង់ចាម ៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ បានថ្លែងថា ការលំបាក និងការឈឺចាប់របស់ពលរដ្ឋភៀសសឹក ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ ទាំងក្នុង និងក្រៅប្រទេស។

ការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ នាឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរៈយុទ្ឋជនចំនួន ៣៥៣គ្រួសារ ព្រមទាំងសិស្សានុសិស្សភៀសសឹក ២៩៤នាក់ ក្នុងបរិវេណសួនច្បារទល់មុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

ក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ លោកអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សភៀសសឹក ព្រមទាំងគ្រួសារវីរយុទ្ឋជនទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន មករួមរស់នៅជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះ ដើម្បីជៀសផុតពីការវាយប្រហាឈ្លានពានព្រៃផ្សៃ ថោកទាបរបស់ពួកយោធាសៀម មកលើបូរណៈភាពទឹកដីកម្ពុជា។

លោក បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម និងជាស្ថាបនិកសន្តិភាពប្រទេសជាតិ ព្រមទាំង សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលពោរពេញដោយថាមពលនិងបញ្ញាញាណឈ្លៀសវៃ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន និងវីរយុទ្ធជនដែលបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាដល់គ្រប់សមាជិក សមាជិការព្រឹទ្ឋសភា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ឱ្យយកចិត្តទុកដាក់ជួយសម្រួល ដោះស្រាយការលំបាក ខ្វះខាត និងថែទាំសុខភាព ដល់បងប្អូនទាំងអស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកអនុប្រធានទី១ បានបញ្ជាក់ថា «ទុក្ខលំបាក និងការឈឺចាប់របស់បងប្អូន ជាទុក្ខលំបាក និងជាការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ ការលំបាក និងការឈឺចាប់របស់បងប្អូន ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងឆ្លាតវៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ»។

លោក បានគូសបញ្ជាក់បន្ថែមទៀតថា សុឆន្ទៈរបស់កម្ពុជាក្នុងដោះស្រាយការវិវាទដោយសន្តិវិធី មិនមានន័យថាជាការដោះដូរសិទ្ឋអធិបតេយ្យក្នុងការការពារបូរណៈភាពដែនដីរបស់ខ្លួននោះទេ។ ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការប្តេជ្ញាខ្ពស់ និងត្រៀមលក្ខណៈជាស្រេចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីមាតុភូមិ មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ៕

To Top