ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួន ក្នុងការសម្រាលទុក្ខលំបាក និងបញ្ហាប្រឈមចំពោះមុខ

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ជនរួមជាតិ ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងក្នុងរយៈពេល​ខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង ។

តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងបរិបទនៃស្ថានការណ៍ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បានធូរស្រាលមួយកម្រិត បន្ទាប់ពីបទឈប់បាញ់ ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ផលលំបាកជាច្រើននៅបន្តមាន ដូចជាការខូចខាតទាំងស្រុង ការខូចខាតធ្ងន់ស្រាល នូវលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នៃសាធារណៈមួយចំនួន ។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយ, ការវិលត្រឡប់របស់ប្អូនប្រជាពលរដ្ឋមូលដ្ឋាន ទៅកាន់លំនៅឋាន និងការស្តារជីវភាពឡើងវិញ របស់បងប្អូនជនភៀសសឹកជាដើម ផលលំបាកទាំងនេះ ទាមទារឱ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយ ។

សម្តេចធិបតី បានថ្លែងថា ​រាជរដ្ឋាភិបាល​ យល់ច្បាស់ណាស់ ពីទុក្ខលំបាក និងបញ្ហាប្រឈមនានា របស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីជម្លោះព្រំដែន ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា “ជាមួយនិងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីថ្លែងការរួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា និងសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈម របស់បងប្អូនទាំងក្នុងរយៈពេល​ខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង”៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top