សម្តេចធិបតី សង្ឃឹមថា បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ និងបន្តជួយដល់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សង្ឃឹមថា បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត និងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ។
តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត ដែលមានជាអទិ៍ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ខណៈដែលរាជរដ្ឋាភិបាល និងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឆាប់បំផុត តាមស្ថានភាពជាក់ស្តែង ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិក ធនាគារអភិវឌ្ឍអាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត ដែលបានផ្តល់ជំនួយជាសម្ភារៈ និងហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាល ដើម្បីសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានា ដល់បងប្អូនជនភៀសសឹក ជាពិសេសការស្តារជីវភាពរស់នៅ របស់ពលរដ្ឋភៀសសឹក នៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត និងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញជាពិសេសនៅក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន ។
ដោយ៖ ដារាត់| ដើមអម្ពិល
