ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋភៀសសឹកជាង ៥ពាន់នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៥.៧៥៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹក បន្តស្នាក់នៅជំរំមានចំនួន ១៦១.៤៧២នាក់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។ 

ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន៕

To Top