ក្រសួងវប្បធម៌ ៖ ការខូចខាតប្រាង្គ ប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង និងតំបន់ជុំវិញ ចំនួន ៤២កន្លែង ដោយការបាញ់ប្រហារ របស់យោធាថៃ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការខូចខាតប្រាង្គ ប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង និងតំបន់ជុំវិញចំនួន ៤២កន្លែង ដោយការបាញ់ប្រហារ របស់យោធាថៃ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពខូចខាត នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ចេញផ្សាយដោយ ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ។

ក្រសួង បានជម្រាបជូនសាធារណជន ជាតិ-អន្តរជាតិ អំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ថា «ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំង វត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្ស របស់អាជ្ញាធរជាតិព្រះវិហារ»។

សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន ៦០កន្លែង រួមមាន ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន ១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។
ក្រសួង បន្ដថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ក្រសួង បន្ថែមថា ការខូចខាតទាំងនេះ គឺបណ្តាលមក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែក ពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និង យន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់ មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ៕
