ក្រសួងការងារ ក្រើនរំឭក ឱ្យបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអគ្គិភ័យ ក្នុងរដូវប្រាំង
ភ្នំពេញ ៖ សារជាថ្មីម្តងទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព និង សុខភាពការងារ របស់កម្មករនិយោជិត សំដៅបង្ការគ្រោះថ្នាក់ ជាយថាហេតុនៅកន្លែង ធ្វើការដូចជាការដួលសន្លប់ និងករណីអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗ កន្លងទៅនេះ បានក្រើនរំឭកដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុវត្តវិធានការបង្ការ អគ្គិភ័យឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ របស់ក្រសួង។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងថា ស្របពេលស្ថានភាពអាកាសធាតុនៅតែបន្តប្រែប្រួល ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនឱ្យមានការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី បំពង់ពន្លត់អគ្គិសភ័យ ប្រព័ន្ធទុយោបាញ់ ពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយ ស្វ័យប្រវត្តិនៅពេលដាច់អគ្គិសនី ដើម្បីការពារសុវត្តិភាព។

យោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានក្រើនរំលឹកដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរៀបចំឱ្យមានផែនការ ឆ្លើយតបពេលអាសន្ន ឱ្យបានរហ័ស ចំពោះទីតាំង ដែលប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារៈដែលងាយឆាបឆេះ និងធ្វើការតាមដាន ជាប្រចាំលើសីតុណ្ហភាពសមាមាត្រ ដែលបានបំពាក់ ក្នុងសហគ្រាស និងគ្រឹះស្ថាន ពិនិត្យនិងថែទាំជាប្រចាំ នូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ បើកទ្វារ បង្អួចទាំងអស់ កម្មករនិយោជិតត្រូវស្លៀក សម្លៀកបំពាក់សមស្រប តាមអាកាសធាតុ។
ជាមួយគ្នានេះ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអប់រំបណ្ដុះបណ្ដាល កម្មករនិយោជិត ឱ្យយល់ដឹងពីសញ្ញា ការពារសុវត្តិភាព របៀបជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្តិភាព និងត្រួតពិនិត្យជាប្រចាំ នូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានុដ្ឋានប្រចាំសហគ្រាសផងដែរ។
សេចក្តីណែនាំដដែលបញ្ជាក់ទៀតថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត៕


