ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ឆ្លងកាត់រយ:ពេលជាច្រើនខែ ពេលនេះរង្វង់មូលដៃប្រាំបី ក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើង សង្គ្រាមក៏ដោយ ។

ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សា នូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្រោមការដឹកនាំរបស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោនិងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្តផងដែរ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា «រង្វង់មូលដៃ៨នេះ បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលង បានសម្រាប់អ្នកដំណើរ ដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ» ៕




