រាជរដ្ឋាភិបាល កំពុងដុតដៃដុតជើង ជួយជនភៀសសឹក
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការ បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់ជនភៀសសឹកនៅតាមបណ្តាយព្រំដែនទាំងកំពុងស្ថិតនៅជំរំ និងការត្រឡប់ទៅវិញរបស់ពួកគាត់។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្រាប់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរដល់ជនភៀស រាប់ទាំងជនភៀសសឹកកំពុងបន្តស្នាក់នៅក្នុងជំរំ និងជនភៀសឹកពេលទៅដល់លំនៅឋានផងដែរ។ ក្នុងនោះសម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែង និងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគាត់។ ចំណែកអ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការមើលថែពួកគាត់នៅក្នុងមណ្ឌលសុវត្ថិភាព” ។
បើតាមអ្នកនាំពាក្យ គិតត្រឹមល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកប្រមាណជា៤៨ម៉ឺននាក់ហើយវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកជាង១៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់៕
