ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកកោះសូទិន ធ្វើត្រីឆ្អើរបញ្ជូនឲ្យកងទ័ព តាមការផ្តួចផ្តើមរបស់ អភិបាលខេត្តកំពង់ចាម

កំពង់ចាម ៖ ដោយមានការផ្តួចផ្តើម ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋ នៅភូមិទី១កោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមគ្នាធ្វើត្រីឆ្អើរ សម្រាប់ផ្តល់ឲ្យទៅ វីរកងទ័ព ដែលកំពុងការពារព្រំដែន កម្ពុជា ថៃ ។

ទាក់ទិនទៅនឹងសកម្មភាពផលិតត្រីឆ្អើរខាងលើនេះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តបានប្រមូលទិញត្រីពីប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិនតែម្តង ដែលក្នុងផែនការ គឺត្រូវប្រមូលទិញត្រីទម្ងន់ ១តោន អាចផលិតជាត្រីឆ្អើរ បានប្រមាណជា ៣,០០០ចង្កាក់ ។ ហើយមកដល់ពេលនេះ គឺបងប្អូនប្រជាពលរដ្ឋយើងបានរួមគ្នា ផលិតបានត្រីឆ្អើរប្រមាណជាង ១ពាន់ចង្កាក់ហើយ ។ ដូច្នេះរងចាំការធ្វើត្រីឆ្អើរ នេះគ្រប់គោលការណ៍ រដ្ឋបាលខេត្តនិងបញ្ជូនទៅវរៈកងទ័ពរបស់យើង ។

លោកអភិបាលខេត្ត បានបន្តថា នៅសមរភូមិមុខ គឺមានស្បៀងជាច្រើនមុខហើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្ថែម គឺត្រីឆ្អើរ ជាប្រភេទអាហារក្រៀមទុកបានយូរ ដែលពួកគាត់មិនទាន់មាន ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការចុះទៅពិនិត្យមើលសកម្មភាពរបស់ប្រជាពលរដ្ឋផលិតត្រីឆ្អើរ ដោយផ្ទាល់ នៅភូមិទី១ កោះថ្មី នេះ គឺចង់បង្កើតតំបន់នេះ ឲ្យទៅជាសហគមន៏ផលិតត្រីឆ្អើរ ជាភូមិមួយផលិតផលមួយ ដែលត្រូវឲ្យ មន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម ចុះទៅរៀបចំឆាប់ៗនេះ និងរកទីផ្សារឲ្យពួកគាត់ ធ្វើឲ្យពួកគាត់មាននិរន្តរភាពរហូតក្នុងការផ្គត់ផ្គង់ត្រីឆ្អើរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top