ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ មគ្គុទេសក៍ព្យាបាលគ្លីនិក ជួយជាអនុសាសន៍បច្ចេកទេស ដល់អ្នកអនុវត្តវិជ្ជាជីវៈសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា “មគ្គុទេសក៍ព្យាបាលគ្លីនិក” បានជួយជាអនុសាសន៍ បច្ចេកទេស ដល់អ្នកអនុវត្តវិជ្ជាជីវៈ សុខាភិបាល ឱ្យបានស្របគ្នាត្រឹមត្រូវ តាមលំនាំស្តង់ដាសកលតែមួយ ក្នុងការផ្តល់ការថែទាំព្យាបាលអ្នកជំងឺ សំដៅគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព សមភាព និងភាពធន់ ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក (Clinical Practice Guidelines -CPGs) វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ភពនិងរោគស្ត្រី និង ទន្តសាស្រ្ត សាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការធានាថា អ្នកជំងឺគ្រប់រូប នៅគ្រប់ទីកន្លែងអាចទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ផ្អែកលើភស្តុតាង និងផ្តោតលើមនុស្ស ជាមូលដ្ឋាន ។ មគ្គុទេ្ទសក៍ព្យាបាលគ្លីនិកទាំងនេះ នឹងចូលរួមគាំទ្រ កំណែទម្រង់ប្រព័ន្ធសុខាភិបាលទូលំទូលាយផងដែរ ជូនប្រជាជនគ្រប់រូប ទទួលបាន តាមរយៈសេចក្ដីណែនាំប្រតិបត្តិ និងសំណុំសកម្មភាព សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ជួយពង្រឹងគោលនយោបាយជាតិសម្រាប់ប្រព័ន្ធបញ្ជូន និងគាំទ្រការលើកកម្ពស់ស្តង់ដា ទទួលស្គាល់គុណភាពមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អ្នកជំនាញសុខាភិបាលទាំងអស់ និស្សិតវេជ្ជសាស្ត្រ អ្នកគ្រប់គ្រងមន្ទីរពេទ្យ សាធារណៈ និងឯកជន ត្រូវប្រើប្រាស់មគ្គុទេ្ទសក៍ ព្យាបាលគ្លីនិកទាំងនេះ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ ។ មគ្គុទ្ទេសក៍នេះ នឹងជួយជាគោលការណ៍ ក្នុងការបង្ហាញផ្លូវ ឱ្យកាន់តែច្បាស់ពីកត្តាធ្វើឱ្យ មានសុវត្ថិភាព និងកត្តាដែលអាចកាត់បន្ថយការធ្ងន់ខ្លាំង ដែលជួយឱ្យក្រុមគ្រូពេទ្យ កាន់តែប្រាកដពីការអនុវត្តបាន ឬមិនបាន ត្រូវបញ្ជូនបន្ត ទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងជួយដល់ចំនុចអាទិភាព ឬពុំចាំបាច់។ មគ្គុទ្ទេសក៍នេះ នឹងជួយនៅពេលធ្វើអភិបាលកិច្ច ដើម្បីឱ្យកាន់តែមានគុណភាព និង ប្រសើរឡើងថែមទៀត ឈានសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។

សាស្រ្តាចារ្យ បានផ្តល់ការណែនាំមួយចំនួនថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកមគ្គុទេសក៍ ព្យាបាលគ្លីនិកទាំងអស់ ទៅប្រើប្រាស់ ក្នុងការអនុវត្តកិច្ចការថែទាំព្យាបាល ប្រចាំថ្ងៃឱ្យបានខ្ជាប់ខ្ជួន , ត្រូវផ្សព្វផ្សាយនូវមគ្គុទេសក៍ព្យាបាលគ្លីនិកទាំងអស់ ឱ្យបានទូលំទូលាយដល់គ្រូពេទ្យ និងផ្នែកពាក់ព័ន្ធជាអ្នកអនុវត្ត ,ពិនិត្យលទ្ធភាពក្នុងការបង្កើតជា Mobile App គ្រប់មគ្គុទេសក៍ព្យាបាលគ្លីនិក ដើម្បីងាយស្រួលដល់គ្រូពេទ្យ ក្នុងការប្រើប្រាស់ក្នុងពេលបម្រើសេវា , ត្រូវធ្វើបច្ចុប្បន្នភាព មគ្គុទេសក៍ព្យាបាលគ្លីនិកជាប្រចាំ និងបន្ថែមប្រធានបទថ្មី ដែលចាំបាច់តាមបរិបទវិវត្តន៍ សង្គមសុខភាព ៕

To Top