ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស
ស្វាយរៀង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវការត្រៀម លក្ខណៈរួចរាល់ជាស្រេច របស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ ជាដើម។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. នាថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈ រួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍ រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាស ធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថ លូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ ទី១-ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ។

និងទី២-ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក៕
