កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បង្រ្កាបឃាត់ខ្លួនក្មេងទំនើងចំនួន ២ក្រុម
ពោធិ៍សាត់៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះបង្រាបករណី ហិង្សាដោយចេតនា ដែលបង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មូលហេតុភាគីខាងភូមិផ្សារអណ្ដែត បាននាំគ្នាផឹកស៊ីនៅមុខផ្ទះរបស់ឈ្មោះ វ៉ាង ជន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិផ្សារអណ្ដែតតែគាត់មិននៅផ្ទះទេ នៅតែកូនៗ នៅពេលកំពុងផឹកស៊ីនៅមុខផ្ទះ ក៏មានការបាញ់ជំពាមកៅស៊ូ ចេញពីផ្ទះឈ្មោះ កែវ សារឿម ដែលជាផ្ទះនៅជាប់ព្រំប្រទល់រវាងភូមិអន្លង់ក្រាយនិងភូមិផ្សារអណ្ដែត ដោយបាញ់លើកទីមួយ ភាគីខាងផ្សារអណ្ដែតមិនតបត ហើយក៏នាំគ្នាទៅផឹកនៅក្រោមផ្ទះបន្តទៀត លុះបាញ់ជំពាមកៅស៊ូលើកទីពីរ បានត្រូវដៃ អ្នកដែលផឹកនៅក្នុងវង់ ពេលនោះភាគីកូនម្ចាស់ផ្ទះនិងអ្នកដែលមានឈ្មោះខាងលើ បាននាំគ្នាជិះម៉ូតូទៅសួរនាំ ហើយក៏មានប្រើហិង្សាកើតឡើងបណ្ដាលឱ្យមានរបួសស្នាមទាំងសងខាង។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់និងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕



អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
