ព័ត៌មានជាតិ

កម្ពុជា-ICRC ប្តេជ្ញាឆ្លើយ តបតម្រូវការ មនុស្សធម៌ នៅតំបន់រងផលប៉ះពាល់

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងគណៈកម្មាធិការ អន្តរជាតិនៃកាកបាទក្រហម (ICRC)បានបញ្ជាក់ឡើងវិញ ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់ មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នា ក្នុងការឆ្លើយតបទៅនឹង តម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ ដែលរងផលប៉ះពាល់។

ការប្តេជ្ញានេះ ក្នុងឱកាសនៃជំនួបរវាងឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ នាថ្ងៃ១២ មករា។

គោលបំណងនៃជំនួបដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ ។ ជាងនេះទៅទៀត អង្គប្រជុំក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ICRC លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង១៨រូប ព្រមទាំងការបន្តរៀបចំ និងអនុវត្តនូវបេសកកម្មមនុស្សធម៌របស់ ICRC នាពេលខាងមុខផងដែរ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ចំពោះតួនាទី ដ៏មានសារៈសំខាន់ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុក ដាក់ចំពោះស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨រូប ក្នុងអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព៕

To Top