ព័ត៌មានជាតិ

កម្ពុជា ទទួលសម្ភារបរិក្ខារ ពេទ្យសង្គ្រោះជីវិត ទាក់ទងនឹងសុខភាពបន្តពូជ ពី UNFPA

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលកញ្ចប់សម្ភារៈបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទង នឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែនពីអង្គការ UNFPA ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីជាមួយលោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជាក្នុងពិធីប្រគល់ និងទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យនេះ កាលពីថ្ងៃ១២ មករា សាស្ត្រាចារ្យ ឈាង រ៉ាលើកឡើងថា ការផ្តល់នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ បានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ ដោយសារជម្លោះតាមតំបន់ព្រំដែន។

សាស្ត្រាចារ្យបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាព នៅតែបន្តកើតមាន។ កញ្ចប់សម្ភារទាំង៧០កញ្ចប់នេះ មានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។

សាស្ត្រាចារ្យរដ្ឋមន្រ្តីបន្តថា កម្ពុជានឹងមិនបោះបង់នរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំនោះទេ ។ ក្រសួងផ្តល់អាទិភាពខ្ពស់ ក្នុងការធានាសេវាសុខភាពជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សាស្រ្តាចារ្យបន្ថែមថា ជំនួយនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល២០២៥-២០៣៤ ឆ្លើយតបទៅនឹងសសរស្តម្ភគន្លឹះទាំង៤ រួមមាន ៖ ការពង្រឹងសុខភាពមាតា និង ទារក , ការបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាល , ការឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជា សកល និងការលើកកម្ពស់អភិបាលកិច្ច និងការសម្របសម្រួល។

សាស្ត្រាចារ្យរដ្ឋមន្ត្រីប្តេជ្ញា ធានាឱ្យបាននូវការ បែងចែកសម្ភារទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ទៅកាន់មូលដ្ឋានសុខាភិបាល និងសហគមន៍ដែលកំពុងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយដ៏រឹងមាំ អាចការពារគ្រប់ជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ។
លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុម សុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់ នៅតាមបណ្តាខេត្តជាប់ព្រំដែន។
សូមបញ្ជាក់ថា កញ្ចប់សម្ភារបរិក្ខាសម្រាប់សុខភាពបន្តពូជចំនួន៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាលនោះ រួមមាន ៖ ឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើតដូចជា ៖ កញ្ចប់សម្ភារសម្រាប់ការសំអាតនិងអនាម័យ (Kit-2B): ១៩ , កញ្ចប់ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរុំភៀសសឹក និងក្នុងសហគមន៍ ។ ឧបករណ៍ជំនួយក្នុងការ បង្កើតកូន (Kit-6A & Kit-6B): ១៨ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៩) , ផ្តល់ទាំងឧបករណ៍ ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល ។

កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់និងថែទាំផ្នែកសម្ភព (Kit-11A & Kit-11B): ៦ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៣) ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗ៖ រួមមានឧបករណ៍សម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន (៩ កញ្ចប់) ដេរបួសនៃការដាច់រហែកមាត់ស្បូននិងទ្វារមាស (៩ កញ្ចប់) និងឧបករណ៍បូមជប់សម្រាប់បង្កើតកូន (៩ កញ្ចប់) ៕

To Top