ព័ត៌មានជាតិ

លោកស្រី បាន ស្រីមុំ ៖ គ្មានការដឹកទំនិញពីថៃ ២០០-៣០០កុងតឺន័រ ចូលមកប៉ៃលិនទេ

ភ្នំពេញ ៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានបដិសេធថា គ្មានការដឹកទំនិញ២០០ទៅ៣០០កុងតឺន័រ ចេញពីប្រទេសថៃមកកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តប៉ៃលិននោះទេ ។
ការបដិសេធ​ របស់លោកស្រី អភិបាលខេត្តនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ អវតា បានសរសេរថា “ទំនិញថៃចូលតាមប៉ៃលិនជាមធ្យម២០០-៣០០កុងតឺន័រក្នុងមួយថ្ងៃៗបន្តបណ្តាញចែកចាយដូចសរសៃឈាម”។

ក្រោយឃើញបែបនេះ លោកស្រី បាន ស្រីមុំ បានឆ្លើយតបតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ទៅវិញថា នេះជាព័ត៌មានក្លែងក្លាយ ។ ដូច្នេះសាធារណៈជន ជាពិសេសអ្នកក្នុងខេត្តផ្ទាល់ មុនជឿលើព័ត៌មានអ្វីមួយ ត្រូវតាមដានពិនិត្យមើលផេកអ្នកបង្ហោះឲ្យបានច្បាស់លាស់សិន ថាតើអ្នកនោះ ជាខ្មែររស់នៅក្នុងស្រុក ឬផេកនោះជាផេកបិទមុខក្លែងខ្លួន មានគោលបំណងបំពុលសង្គមបង្កមានការភាន់ច្រឡំ?។

អភិបាលខេត្តរូបនេះ បានផ្តាំផ្ញើថា បើសិនជាម្ចាស់ផេក ឬប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មានភស្តុតាងឃើញបទល្មើសទាំងនេះ ត្រូវរាយការណ៍មកលោកស្រី ។ ដោយកុំព្យាយាមបង្កើតព័ត៌មានមិនពិតក្នុងចេតនាមិនល្អ ព្រោះមាសសុទ្ធមិនខ្លាចភ្លើងនោះទេ ៕

To Top