ឆ្នាំ២០២៥ ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ១៥ម៉ឺននាក់ស្នើ ចុះឈ្មោះចូលរៀន ជំនាញបច្ចេកទេស
ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ បានស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺន២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) សរុបកើនដល់ ១៤៨ ២៧២នាក់ ក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ៦២ ៥៨១នាក់ ចំណែក សិស្សដែលកំពុងសិក្សានិងបានបញ្ចប់សរុប ៨៦,៧៣០ នាក់ ដែលមានបណ្ណសមធម៌ ៤២,៣៤៣នាក់។

អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិស្សចំនួន ៧៩,២៨៥នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងនោះសិស្សមានបណ្ណសមធម៌ចំនួន ៣៩,១៩៩នាក់។ ជាមួយគ្នានេះ មានសិស្សចំនួន ៥១,៥៩១នាក់ទទួលបានការងារធ្វើក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ២៦,៨៦៦នាក់។

ទន្ទឹមនេះ អ្នកនាំពាក្យ ក្រសួងការងារបានលើកទឹកចិត្តដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃ សូមចុះឈ្មោះ ចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ឱ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក៏ដូចជាចូលរួមចំណែក រក្សានូវស្ថេរភាពការងារ និង លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោកថា ការមានជំនាញច្បាស់លាស់ បងប្អូននឹងអាចយកទៅបម្រើការងារ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ព្រមទាំងអាចបង្កើតមុខ របរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

គួររម្លឹកផងដែរថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕



