ឃាត់ខ្លួន ជនអនាមិកម្នាក់ លួចប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។
ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ស.ព.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានប្រើប្រាស់គណនីធនាគារ ដើម្បីទទួលប្រាក់ពីសកម្មភាពឆបោក តាមប្រព័ន្ធនាគារជាបន្ដបន្ទាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន បានក្រើនរំលឹកដល់សារធារណជន ឬប្អូនៗ ជាសិស្ស-និស្សិតទាំង ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងការបញ្ចុះបញ្ចូល អូសទាញពីជនអនាមិក រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕


