លោកស្រី ហូ សុវណ្ណិកា នាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាចំនួន ៤០០ប្រអប់ និងបង្គន់អនាម័យចល័ត ចំនួន៣ ជូនលោកជំទាវបណ្ឌិត ពេជ្យ ចន្ទមុនី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នាថ្ងៃថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បាននាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាចំនួន ៤០០ប្រអប់ និងបង្គន់អនាម័យចល័ត ចំនួន៣ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, លោកជំទាវ តំណាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ផងដែរ។

សម្ភារប្រើប្រាស់ និងសម្ភារសិក្សាទាំងនោះមានដូចជា៖ បាល់ ប៊ិច ខ្មៅដៃ ក្រដាស់សរសេរ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ក្រាសសិតសក់ តុក្កតា ស្រោមជើង កាបូបស្ពាយ មួក និងសំពត់ ដែលសរុបជាទឹកប្រាក់ចំនួន ៨ ០០០ដុល្លា រួមជាមួយបង្គន់អនាម័យចល័ត ចំនួន៣ គឺជាអំណោយរបស់សប្បុរជន ចូលរួមបរិច្ចាគតាមរយៈមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ចែកជូនដល់កុមារតូចៗ និងសិស្សានុសិស្ស ដែលជាកូនរបស់វីរកងទ័ព និងកូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក្នុងការសិក្សារៀនសូត្របន្ថែម ក៏ដូចជាជនភៀសសឹកកម្ពុជាប្រើប្រាស់ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា៕






