ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចុះណែនាំប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តសៀមរាប ដោយដឹកនាំដោយផ្ទាល់លោកវីរៈសេនីយ៍ឯក ឡុងម៉េនសុយ៉ាលីស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់នៃស្នងការនគរបាលខេត្តសៀមរាប ដោយមានការយកចិត្តដាក់ពី លោកឧត្តមសេនីយ៍ទោស្នងការ ហួត សុធី និងសហការជាមួយមន្ត្រីមន្ទីរសាធារណៈដឹកជញ្ជូនខេត្តសៀមរាប បានចូលរួមផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងកត្តាបណ្ដាមកពីការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅតាមដងផ្លូវ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារដើមអំពិល លោកវីរៈសេនីយ៍ឯក ឡុងម៉េន សុយ៉ាលី បានឲ្យដឹងថាដោយសារតែកំណើននៃការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងច្រើន នៅក្នុងខេត្តសៀមរាប ទើបកម្លាំងនៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានធ្វើការចុះមកផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ និងបញ្ហាបច្ចេកទេសដែលបង្កឡើង ដែលបណ្ដាលឲ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍។

លោកបានបន្តទៀតថា កម្លាំងនៃស្នងការនគរបាលខេត្តសៀមរាបគ្រាន់តែចុះមកផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលបាន ល្មើសច្បាប់ចរាចរណ៍តែប៉ុណ្ណោះពុំមានការផាកពិន័យដល់ប្រជាពលរដ្ឋនោះទេ។

ជាចុងក្រោយលោកវីរៈសេនីយ៍ឯក ឡុងម៉េន សុយ៉ាលី សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយគោរពនិងអនុវត្តគឺពីខ្លួនឯងផ្ទាល់តែម្ដង ជាពិសេសការត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរមុននឹងចេញដំណើរ ដើម្បីជៀសវាងការគ្រោះថ្នាក់ជាយថាហេតុ។

រាយការណ៍ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top