ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំយកអំណោយឧបត្ថម្ភកងទ័ពជួបការលំបាកខ្វះខាត ១៨គ្រួសារ

កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ចំនួន ១៨ គ្រួសារ ដែលបម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ ២១១ ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះវរកងទ័ព និងក្រុមគ្រួសារ ប្រកបដោយក្តីមនោសញ្ចេតនា និងការដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរ:កងទ័ពយើង ហើយជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលនូវទុក្ខលំបាក បានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការការពារ អធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានដ៏គគ្លើនរបស់ប្រទេសថៃផងដែរ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top