ក្រសួងសាធារណការ ប្រកាសពីប្រើប្រាស់ឡើងវិញ ប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅស្រុកខ្សាច់កណ្តាល
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម កំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូក ចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ស្តីពី ការបើកឱ្យធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានបញ្ចប់ ការបូមស្តារប្រឡាយ នាវាចរណ៍តាឯក ដែលស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រវែង ១ ០០០ម៉ែត្រ មាត់លើ ៩០ម៉ែត្រ បាតក្រោម ៤០ម៉ែត្រ ជម្រៅអប្បបរមា ៥ម៉ែត្រ ។
ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបដល់ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរ នាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ អាចធ្វើនាវាចរណ៍ តាមប្រឡាយនាវាចរណ៍តាឯក បានដោយគោរពទៅ តាមវិធានពាក់ព័ន្ធនៅ ក្នុងបទប្បញ្ញត្តិនាវាចរណ៍ ដែលមានជាធរមាន។
ក្រសួង រក្សាសិទ្ធិក្នុងការបូមស្តារ សម្រួលយកឧបសគ្គចេញ ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការគោក រាក់ផ្សេងៗនៅប្រឡាយនាវាចរណ៍តាឯក។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ ចូលរួមសហការចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
