ព័ត៌មានជាតិ

អ្នកនាំពាក្យស្តីទី ៖ ក្រោយបទឈប់បាញ់ ក្រសួងការបរទេសបន្តការងារតាមផ្លូវទូត ដើម្បីការពារទឹកដី

ភ្នំពេញ ៖ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ក្រោយបទឈប់បាញ់ចូលជាធរមាន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ ក្រសួងការបរទេសក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកខាងផ្នែកការទូត នៅតែបន្តការងាររបស់ខ្លួនជាប់ជានិច្ច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹក តាមផ្លូវការទូត។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោក ចាន់ រតនា បានថ្លែងថា ការបន្តការងាររបស់ក្រសួងនេះ ធ្វើឡើងដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ជាពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំង ដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ។ ក្នុងនោះក៏គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធិរស់រានមានជីវិតរបស់ជនស៊ីវិល ។

លោកបន្តថា ក្រសួងការបរទេស ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជា នៅទូទាំងពិភពលោក បន្តខិតខំជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង ។

លោកបញ្ជាក់ថា “ទន្ទឹមនឹងនេះ យើងក៏បន្តជំរុញឲ្យភាគីថៃ បញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការណ៍នានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់ នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដណ្តើមកាន់កាប់” ។

អ្នកនាំពាក្យស្តីទីអះអាងទៀតថា ក្រសួងការបរទេសក៏កំពុងធ្វើការងារតាមច្រកផ្លូវការទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កម្រិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា-ថៃ ក៏ដូចជាពិភពលោកទាំងមូល ៕

To Top