អង្គការមូលនិធិប្រាសាទពិភពលោក កំពុងបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង
សៀមរាប ៖ អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហកាaរជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ មករា នេះ។

លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F (ជាន់ក្រោម) និងរហូតដល់អក្សរ C ដែលជាជាន់ទីបួន។ នេះជាដំណាក់កាលទី៣ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ខណៈដែលអង្គការ WMF បានចូលខ្លួនចូលរួមអភិរក្សប្រាសាទនេះតាំងពីឆ្នាំ២០០៤មក។
ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៧ WMF បានចូលមកសិក្សាស្រាវជ្រាវ និងធ្វើគម្រោងជួសជុលសាកល្បង នៅជាន់F ជ្រុងខាងត្បូងឈៀងខាងលិច។ ដំណាក់កាលទី២ ពីឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០១៩ ដោយបានជួសជុលចាប់ពីពាក់កណ្តាលជណ្តើរខាងជើង និងខាងត្បូងទៅជ្រុងខាងកើត ហើយក្នុង គម្រោងនោះ ក៏បានធ្វើកំណាយ រួមនឹងការអភិរក្សមួយចំនួនផង។ រីឯដំណាក់កាលទី៣ ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៩។

តាមការបញ្ជាក់ពីអ្នកជំនាញ មកដល់បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។
ចំពោះស្ថានភាពការខូចខាតនៅជ្រុងខាងលិច អ្នកជំនាញពន្យល់ថា មានការស្រុតគ្រឹះ ថ្មងាកចេញពីគ្នា និងមានការដួលរលុះថ្មនៅផ្នែកជញ្ជាំង និងចម្លាក់តោ។ ក្រៅពីជួសជុលពង្រឹងឡើងវិញ ក្រុមការងារក៏បានពង្រឹងថ្មភ្នំដែលខ្លះបានប្រេះ និងមានការពុកផុយ ដោយប្រើបច្ចេកទេសមួយចំនួនដើម្បីឱ្យវារឹងមាំឡើងវិញ។

លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF បានបង្ហាញពីមោទកភាព ក្នុងនាមស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយជួសជុលប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ចាប់ពីឆ្នាំ ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង។
បន្ថែមពីនេះ នាយកប្រចាំប្រទេស រូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ ដែលបានផ្តល់ទីតាំងត្រៀមកសាង មជ្ឈមណ្ឌលព័ត៌មាននៅខាងក្រោមជើងភ្នំបាខែង ដែលគម្រោងកំពុងសិក្សា និងសាងសង់ នាពេលដ៏ឆាប់ខាងមុខ។ មជ្ឈមណ្ឌលនេះ នឹងតាំងបង្ហាញពីព័ត៌មាន និងសកម្មភាពនានា នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ដើម្បីឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានដឹង និងស្រាវជ្រាវជាដើម៕
