ព័ត៌មានជាតិ

ការពង្រឹងភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុ ក្នុងវិស័យអប់រំ ជាអាទិភាពដ៏សំខាន់

ភ្នំពេញ ៖ រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងថា ការពង្រឹងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ គឺជាអាទិភាពដ៏សំខាន់មួយ តាមរយៈការដាក់ឱ្យអនុវត្តគម្រោង ការកសាងភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE) ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តគម្រោង «ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)» នៅថ្ងៃទី១៤ ខែមករាបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន លើកឡើងថា គម្រោង BRACE ជាគម្រោងមួយមានគោលដៅ ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំ សាលារៀន សិស្សានុសិស្ស និងសហគមន៍ ជាមួយនឹងការរំខានពីខាងក្រៅ ដែលបង្កឡើងដោយកត្តាអាកាសធាតុ កត្តាធម្មជាតិ និងកត្តាផ្សេងៗ សំដៅកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ដំណើរ ការរបស់សាលារៀន ដែលជាបច្ច័យរំខានដល់ការបំពេញការងាររបស់គ្រូបង្រៀន ការរៀនសូត្ររបស់សិស្សានុសិស្ស និងបណ្តាលឱ្យកុមារដែលជាក្រុមងាយរងគ្រោះកាន់តែប្រឈមនឹងហានិភ័យនៃការបាត់បង់ឱកាសសិក្សា ឬបោះបង់ការសិក្សា ។

បណ្ឌិតសភាចារ្យបន្តថា ដូចទៅ នឹងប្រទេសដទៃទៀតក្នុងតំបន់ និងសកលលោក តំបន់មួយចំនួនរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ដូចជា ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ កន្ត្រាក់ និងហានិភ័យផ្សេងៗទៀត ដែលបានបង្កផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសសាលារៀន។

រដ្ឋលេខាធិការបញ្ជាក់ថា “ក្នុងបរិបទនេះ ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ គឺជាអាទិភាពដ៏សំខាន់មួយ តាមរយៈការដាក់ឱ្យអនុវត្តគម្រោង BRACE ដើម្បីធានាថា ប្រព័ន្ធអប់រំ ជាពិសេសសាលារៀនរបស់កម្ពុជា នឹងត្រូវបានការពារ អាចសម្របខ្លួន និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ” ។

បណ្ឌិតសភាចារ្យបន្ថែមទៀតថា គម្រោង BRACE នេះ នឹងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអប់រំរបស់កម្ពុជាមានភាពធន់ និងចូលរួមដោះស្រាយការ ប្រែប្រួលអាកាសធាតុ ជាពិសេសធានាបានថា សាលារៀនមានសុវត្ថិភាព និងបៃតងជាងមុនដែលអាចឱ្យកុមារបន្តការសិក្សាដោយគ្មានការរំខាន ព្រមទាំងគាំទ្រ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារគ្រប់រូប ។

សូមបញ្ជាក់ថា គម្រោងនេះ ក្នុងគោលដៅ ជួយសាលាបឋមសិក្សាចំនួន២៤០ ឱ្យក្លាយជាសាលារៀនមានសុវត្ថិភាព មានមេត្រីភាពបរិស្ថាន និងជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ៕

To Top