លោក ប៉ែត សារ៉ាត់ ចូលរួមនាំយកអំណោយមនុស្សធម៌ ចែកជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ
បន្ទាយមានជ័យ-ឧត្តរមានជ័យ៖ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាក លោក ប៉ែត សារ៉ាត់ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានចូលរួម អមដំណើរ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកស្រី ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ។

អំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ជូនដល់គ្រួសារភៀសសឹកសរុបចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០,០០០ រៀល ព្រមទាំងការចែកជូនរួមមាន៖ អង្ករសរុប ៣តោន, ស៊ុតទា ៣១,០០០គ្រាប់ និងថ្នាំពេទ្យចំនួន ២២,០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន៖
១៖ លោកបណ្ឌិត កៅ ថាច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
២៖ សមាគមខ្មែរញ៉ូហ្សេលេន (Khmer New Zealand Association)
៣៖ ក្រុមការងារយុវជនទទួលបន្ទុកតំបន់ ៥ នៃប្រទេសអូស្រ្តាលី-ណូវេសហ្សេឡង់
៤៖ ក្រុមជំនួយការសហគ្រិនវ័យក្មេងតាមបណ្តាខេត្ត (ក្រុមទី៦)៕




