កម្ពុជា តវ៉ាទៅថៃ ចំពោះការរឹបអូស ទូកនេសាទខ្មែរ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួន៤នាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រកម្ពុជានៃខេត្តកោះកុង ។ នេះបើតាមការចេញផ្សាយរបស់AKP នាថ្ងៃ១៥ មករា ។

ក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសខ្មែរបានបញ្ជាក់ពីហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជា ពីសំណាក់ភាគីថៃដែលបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ លេខ 11°33’30″N និង 102°51’39″E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។
លិខិតកំណត់ការទូតរបស់កម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា ដោយជំរុញឱ្យភាគីថៃ ត្រូវគោរពអធិបតេយ្យភាព និងដែនយុត្តាធិការ ដោយកុំរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា។

ជាមួយគ្នានេះ កម្ពុជាបានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត ។
សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី៦ មករា មក អ្នកនេសាទខ្មែរទាំង៤រូបក៏ត្រូវបាន ភាគីថៃដោះលែងមកវិញ ក្រោយមានកិច្ចអន្តរាគមន៍ពីមន្រ្តីពាក់ព័ន្ធរបស់កម្ពុជា ។ ជាមួយនឹងដោះលែងនេះ ភាគីថៃក៏មិនទាន់ប្រគល់ទូកនេសាទមកវិញដែរ ។ ចំពោះករណីនេះ កម្ពុជាបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ៕
