ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ជំរុញឱ្យអតីតមេដឹកនាំសហជីព ក្នុងក្រុមហ៊ុន កាស៊ីណូណាហ្កាវើលដ៍ ប្តឹងទៅតុលាការ បើគោរពនីតិរដ្ឋ

ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានជំរុញឱ្យអតីតមេដឹកនាំសហជីព ក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្ដឹងទៅតុលាការប្រសិនបើពួកគេគោរពនីតិរដ្ឋ ហើយបញ្ឈប់សកម្មភាពតវ៉ា ឬការស្នើសុំ ដែលបានដោះស្រាយរួចចប់សព្វគ្រប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ ។

ការជំរុញនេះធ្វើឡើង ដោយសារតែក្រុមអ្នកស្រី ឈឹម ស៊ីថរ នៅតែបន្តប្រមូលផ្ដុំគ្នាតវ៉ា និងដាក់ញត្តិជាបន្តបន្ទាប់អូសបន្លាយរយៈពេលប្រមាណ ៤ឆ្នាំមកហើយ ខណៈករណីរបស់ពួកគេត្រូវបានដោះស្រាយ ២៧លើក តែពួកគេមិនព្រមទទួលយក ស្របពេលដែលបុគ្គលិកប្រមាណ ១ ៦០០នាក់ បានយល់ព្រមទទួលយក ប៉ុន្តែដោយឡែក នៅសល់ប្រមាណពី ៥០ ទៅ ៦០នាក់ប៉ុណ្ណោះ បន្តតវ៉ាធ្វើខុសនីតិវិធី ។ ម្យ៉ាងទៀត ក្រុមដដែលនេះ បានទាត់ចោលសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគីដោយពួកគេជាអ្នកជ្រើសរើស ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មានប្រសាសន៍នៅថ្ងៃទី១៥ ខែមករានេះថា ការដោះស្រាយករណីក្រុមអ្នកស្រី ឈឹម ស៊ីថរ ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសារ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយចំពោះការតវ៉ាដោយគ្មានមូលដ្ឋាន បំពានទៅលើច្បាប់ ក៏ដូចជាសិទ្ធិដែលមានចែងក្នុងច្បាប់ ស្ដីពីការងារនិងច្បាប់ស្ដីពីសហជីពនោះ អាចបង្កឱ្យមានការយល់ច្រឡំដល់សាធារណជន ព្រមទាំងអាចប៉ះពាល់ដល់រូបភាព នៃបរិយាកាសការងារ ការគោរពច្បាប់ និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

លោកថ្លែងថា៖«មកដល់ម៉ោងនេះ គឺ ២៧លើកហើយ ហើយប្រសិនបើពួកគាត់នៅតែកើតទុក្ខមិនសូវសុខចិត្ត ពួកគាត់គួរគប្បីបន្តនីតិវិធី តាមផ្លូវច្បាប់ទៅតុលាការ ដើម្បីធ្វើការដោះស្រាយវិវាទនេះ»។

លោក អ៊ុន តារា បញ្ជាក់ថា ក្រុមអ្នកស្រី ឈឹម ស៊ីថរ មិនមែនជាបុគ្គលិក និងមិនមែនជាតំណាងបុគ្គលិកនៅក្រុមហ៊ុនណាហ្កាវើលដ៍ទៀតទេ ដូច្នេះពួកគេគួរតែប្រើនីតិវិធីច្បាប់ផ្សេងទៀត ដូចជាអាចប្ដឹងទៅតុលាការ និងយន្ដការដោះស្រាយទៅតាមនីតិវិធីច្បាប់ នោះទើបជាការគោរពត្រឹមត្រូវ តាមនីតិវិធីច្បាប់ ។

ចំណែកលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មានប្រសាសន៍ដែរថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានដោះស្រាយករណីក្រុមអ្នកស្រី ឈឹម ស៊ីថរ រហូតដល់ ២៧លើកនេះ គឺជាចំនួនដ៏ច្រើន ហើយការដែលបន្តតវ៉ាផ្ទុយពីលក្ខខណ្ឌការងារ និងនីតិវិធីដោះស្រាយនេះ គឺបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ ប្រទេសកម្ពុជា។

លោកបន្តថា សកម្មភាពអ្នកស្រី ឈឹម ស៊ីថរ ហាក់មានចរិតមួយដែលមានសេណារីយ៉ូពីក្រោយ ជួយឧបត្ថម្ភគាំទ្រ។ មេសហជីពរូបនេះកត់សម្គាល់ថា ប្រសិនបើពួកគេតវ៉ារាប់ឆ្នាំ ហើយមិនធ្វើការងារផ្សេង តើពួកគេទទួលបានថវិកាមកពីណាដើម្បីចំណាយការរស់នៅប្រចាំថ្ងៃ និងការធ្វើសកម្មភាពតវ៉ានេះ។

លោកថ្លែងថា៖ «ការតវ៉ានេះ ខ្ញុំគិតថា កុំដើម្បីតែប្រយោជន៍ពីបរទេស ឬក៏ប្រយោជន៍នយោបាយដ៏កខ្វក់ពីក្រោយខ្នង បន្តតវ៉ាដែលធ្វើប៉ះពាល់ ជារួមដល់ប្រទេសកម្ពុជា ប៉ះពាល់ប្រយោជន៍រួម របស់ប្រជាពលរដ្ឋកម្ពុជា ទាំងមូលនោះទេ»។

លោក ហង្ស រ៉ាវី ក៏បានជំរុញឱ្យក្រុមអ្នកស្រី ឈឹម ស៊ីថរ ចូលរួមគោរពនីតិវិធីច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងបញ្ឈប់ការទាមទារដែលផ្ទុយពីនីតិវិធីច្បាប់ ហើយក៏បានផ្ដល់យោបល់ឱ្យពួកគេ ដាក់ពាក្យបណ្ដឹងទៅតុលាការប្រសិនបើយល់ឃើញថា ការដោះស្រាយទាំង ២៧លើកនោះ ពុំអាចផ្ដល់នូវយុត្តិធម៌ និងផលប្រយោជន៍ជូនក្រុមរបស់ខ្លួននោះ៕

To Top