ព័ត៌មានជាតិ

លោក មាន ចាន់យ៉ាដា៖ មន្ត្រីស៊ីម៉ាក់គឺជាវីរជន ដែលស្វែងរកកន្លែងសុវត្ថិភាព ជូនពលរដ្ឋពេលត្រឡប់ចូល លំនៅឋានវិញ

ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានលើកឡើងថាមន្ត្រីស៊ីម៉ាក់គឺជាវីរជន ដែលស្វែងរកកន្លែងសុវត្ថិភាព ជូនពលរដ្ឋពេលត្រឡប់ចូល លំនៅឋានវិញ ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាស លោកអភិបាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ដើម្បីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ ។

លោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីនមិនមែន គ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែង «ដីដែលមានមីន» ឱ្យក្លាយទៅជា ដីដែលមានសុវត្ថិភាព សម្រាប់បង្កបង្កើនផល។

លោកបញ្ជាក់ថា «មិនតែប៉ុណ្ណោះមន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខ នឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវ ដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដី ដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្ម បានដូចសព្វថ្ងៃនេះដែរ»៕

To Top