ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug តាមរយៈប្រព័ន្ធ Zoom

ត្បូងឃ្មុំ៖ លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារជំនាញ រួមមានស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្នុងសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាពការប្រើប្រាស់កម្មវិធី NoDrug ដែលគឺជាជំហានដ៏សំខាន់ក្នុងការចូលរួមបង្ក្រាប និងអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។

លើកឡើងនូវរបាយការណ៍ លោក ណុប ឡងឌី អភិបាលរងខេត្ត បានបង្ហាញថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តត្បូងឃ្មុំ បានធ្វើការបើកកិច្ចប្រជុំផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រឿងញៀន បានធ្វើការរៀបចំពិធីដុតបំផ្លាញចោលនូវគ្រឿងញៀនដែលដកហូតបានពីឧក្រិដ្ឋជន និងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន ១,២៤៥ក្រាម ដែលបង្ក្រាបបាន២៦៤ករណី ក្នុងនោះបានធ្វើការផ្សព្វផ្សាយឃ្លីបវីដេអូអប់រំពីផលប៉ះពាល់គ្រឿងញៀនផងដែរ។

លោក អភិបាលរងខេត្តបន្តថា ក្នុងខេត្តត្បូងឃ្មុំ មានអ្នកប្រើប្រាស់ App NoDrug ចំនួន ៧,០០០នាក់ និងបានរាយការណ៍តាមរយៈ App មានចំនួន ៤,០០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ខេត្តត្បូងឃ្មុំសម្រេចបាន និងសូមបន្តអនុវត្តកិច្ចការងារនេះបន្តទៀត ដើម្បីធ្វើយ៉ាងណាលុបបំបាត់គ្រឿងញៀនដែលជាបញ្ហាប្រឈមរបស់សង្គម និងប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug នេះគឺធ្វើឡើងតាមរយៈប្រព័ន្ធ Zoom ហើយក្នុងនោះមានរាជធានីខេត្តចំនួន២៥ បានធ្វើការចូលរួម ដើម្បីបង្ហាញពីលទ្ធផល និងរបាយការណ៍ដែលសម្រេចបានក្នុងការផ្សព្វផ្សាយ ការគ្រប់គ្រងលើកម្មវិធីទូរសព្ទដៃ NoDrug ហើយកម្មវិធីនេះ គឺធ្វើឱ្យបងប្អូនពលរដ្ឋអាចរាយការណ៍នូវករណីការជួញដូរ ការប្រើប្រាស់គ្រឿងញៀន មកដល់អាជ្ញាធរបានទាន់ពេលវេលា ប្រសិទ្ធភាព និងរក្សានូវឯកជនភាពបុគ្គលផងដែរ៕

អត្ថបទដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល

To Top