ទូតកម្ពុជា-ហ្វីលីពីន ផ្លាស់ប្ដូរយោបល់ លើបញ្ហាតំបន់
ភ្នំពេញ ៖ ក្នុងជំនូបពិភាក្សារវាង លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី Bernadette Therese C. Fernandez ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតហ្វីលីពីន ប្រចាំទីក្រុងសេអ៊ូល ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដែលបានកើតឡើងនាពេលថ្មីៗ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្តោតសំខាន់លើវិធានការផ្សេងៗ ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាជន នៃប្រទេសទាំងពីរដែលកំពុងរស់នៅ និងបំរើការងារនៅប្រទេសកូរ៉េ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថានតំណាង នៃប្រទេសទាំងពីរ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញ បេសកកម្មការទូតនៅប្រទេសកូរ៉េនេះ៕

