ព័ត៌មានជាតិ

ប្រធានបទ៥ ជាធាតុចូលសំខាន់ៗ និងជាត្រីវិស័យសម្រាប់រដ្ឋបាល រាជធានីភ្នំពេញ ដាក់ចូលក្នុងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈ ជូនពលរដ្ឋ

ភ្នំពេញ ៖ លោក ម៉ប់ សារិន បានឱ្យដឹងថា លទ្ធផលរបស់ក្រុមពិភាក្សា ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ ជាធាតុចូលសំខាន់ៗ និងជាត្រីវិស័យ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចូលក្នុងទិសដៅការងារឆ្នាំ២០២៦ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងការបន្តបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ។

ក្នុងសន្និបាទ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា លទ្ធផល នៃក្រុមពិភាក្សាទាំង៥ ដែលបានពិភាក្សាគ្នារួមមាន៖ ប្រធានបទទី១ «ការចុះបញ្ជីគម្រោងវិនិយោគឯកជន ដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម», ប្រធានបទទី២ «ការរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ និងប្រព័ន្ធប្រឡាយ-លូ», ប្រធានបទទី៣ «ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភដោយផ្តោតលើ “បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams”», ប្រធានបទទី៤ «ពង្រឹងការអនុវត្តបទបញ្ជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា និងលើកកម្ពស់ការប្រើប្រាស់ ផលិតផលក្នុងស្រុក» និងប្រធានបទទី៥៖ ការអភិវឌ្ឍនរាជធានីភ្នំពេញ ប្រកបដោយចីរភាពដោយផ្តោតលើ «វិស័យសំណង់, រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus និងផ្លូវថ្មើជើង» ។

សម្រាប់ប្រធានបទទាំង៥ខាងលើនេះ សុទ្ធតែក្រុមពិភាក្សា រកឃើញនូវបញ្ហាប្រឈម និងបានដាក់ចេញ នូវវិធានការដោះស្រាយ តាមរយៈការអប់រំផ្សព្វផ្សាយ ណែនាំ ជាពិសេសត្រួតពិនិត្យ និងបង្ក្រាបរាល់បទល្មើស ក្នុងមូលដ្ឋាន៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top