រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានខិតខំដោះស្រាយ រាល់បញ្ហាទុក្ខកង្វល់ជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
កំពង់ស្ពឺ ៖ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងកម្លាំង ប្រដាប់អាវុធទាំងអស់ បានបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និង ការខិតខំដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលនានាជាច្រើនដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អង្គសន្និបាតទាំងមូល ត្រូវពង្រឹងវិធានការ និងយន្តការការងារនៅក្នុងការគ្រប់គ្រង និងលើកកម្ពស់ការងារ វិនិយោគ ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម មុខរបរ ការងារ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើនប្រកប ដោយភាពជាម្ចាស់ មានភាពធន់ និងមានចីរភាព ។

លោក សង្ឃឹមជឿជាក់ថា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ នឹងយកអស់ប្រាជ្ញា ស្មារតី អនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៦នេះ ដើម្បីការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្តកំពង់ស្ពឺជាបន្តទៀត៕



